ខ្ចីប្រាក់ដោយការទទួលខុសត្រូវ៖ ចំណុចដែលអ្នកគួរដឹងមុនពេលខ្ចីប្រាក់
ប្រាក់កម្ចីអាចជួយអ្នកពង្រីកអាជីវកម្ម កែលម្អលំនៅឋាន វិនិយោគលើការអប់រំ ឬបំពេញតម្រូវការហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត។ ទោះជាយ៉ាងណា ការខ្ចីប្រាក់ក៏បង្កើតកាតព្វកិច្ចហិរញ្ញវត្ថុដែលអ្នកត្រូវសងតាមលក្ខខណ្ឌដែលបានព្រមព្រៀងផងដែរ។
មុនពេលខ្ចីប្រាក់ អ្នកគួរយល់ដឹងអំពីសមត្ថភាពសងប្រាក់របស់ខ្លួន និងធានាថាប្រាក់កម្ចីនោះសមស្របនឹងស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។
ចំណុចចំនួន ៥ ដែលគួរពិចារណាមុនពេលខ្ចីប្រាក់៖
- កំណត់គោលបំណង៖ យល់ឱ្យច្បាស់ថាហេតុអ្វីអ្នកត្រូវការប្រាក់កម្ចី និងតើប្រាក់កម្ចីនោះនឹងផ្តល់អត្ថប្រយោជន៍អ្វីខ្លះ។
- វាយតម្លៃសមត្ថភាពសងប្រាក់៖ គណនាចំណូល ចំណាយចាំបាច់ និងការសងបំណុលដែលមានស្រាប់ ដើម្បីដឹងថាអ្នកអាចសងប្រាក់បានប៉ុន្មានដោយមិនប៉ះពាល់ដល់ជីវភាព។
- ស្វែងយល់ពីលក្ខខណ្ឌកម្ចី៖ ពិនិត្យអត្រាការប្រាក់ កម្រៃសេវា កាលវិភាគសងប្រាក់ ចំនួនទឹកប្រាក់សរុបដែលត្រូវសង និងការគិតកម្រៃចំពោះការសងយឺត ប្រសិនបើមាន។
- ខ្ចីត្រឹមចំនួនដែលត្រូវការ៖ ប្រាក់កម្ចីច្រើនមិនមែនតែងតែជាជម្រើសល្អជាងនោះទេ។ គួរខ្ចីត្រឹមចំនួនដែលសមស្របនឹងតម្រូវការជាក់ស្តែង និងសមត្ថភាពសងប្រាក់របស់អ្នក។
- ត្រៀមខ្លួនសម្រាប់ការប្រែប្រួលដែលមិនបានរំពឹងទុក៖ ពិចារណាថាតើនឹងមានអ្វីកើតឡើង ប្រសិនបើចំណូលថយចុះ ឬចំណាយកើនឡើង។
សូមអានកិច្ចសន្យាកម្ចីឱ្យបានម៉ត់ចត់ ហើយស្នើសុំឱ្យគ្រឹះស្ថានហិរញ្ញវត្ថុពន្យល់ចំណុចណាដែលអ្នកមិនទាន់យល់ច្បាស់។ ជៀសវាងការខ្ចីប្រាក់ពីអ្នកផ្តល់កម្ចីដែលគ្មានអាជ្ញាបណ្ណ ឬការខ្ចីបំណុលថ្មីដើម្បីសងបំណុលចាស់ ដោយមិនបានវាយតម្លៃពីផលវិបាក។
ការខ្ចីប្រាក់ដោយការទទួលខុសត្រូវ គឺជាការជ្រើសរើសប្រាក់កម្ចីដែលអ្នកអាចសងបានសមស្រប ព្រមទាំងអាចបន្តបំពេញតម្រូវការចាំបាច់របស់គ្រួសារ។
ចំណុចសំខាន់៖ មុនពេលខ្ចីប្រាក់ សូមសួរខ្លួនឯងថា តើខ្ញុំអាចសងប្រាក់កម្ចីនេះទាន់ពេល ដោយមិនធ្វើឱ្យប៉ះពាល់ដល់ចំណាយចាំបាច់ក្នុងជីវភាពដែរឬទេ?
កម្រងរូបភាពផ្លូវការ
រូបភាពសរុប 2 សន្លឹក